17 ជនជាតិអ៊ីស្រាអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះគឺក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។
18 ជនជាតិអ៊ីស្រាអែលពុំបានប្រហារជីវិតពួកគេទេ ព្រោះអ្នកដឹកនាំសហគមន៍សច្ចាជាមួយពួកគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ជ្រុលហួសទៅហើយ ប៉ុន្តែ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំរិះគន់ពួកអ្នកដឹកនាំរបស់ខ្លួន។
19 អ្នកដឹកនាំទាំងអស់បានប្រកាសប្រាប់សហគមន៍ទាំងមូលថា៖ «យើងបានសច្ចាជាមួយគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលរួចហើយ ឥឡូវនេះ យើងមិនអាចប៉ះពាល់ពួកគេបានឡើយ។
20 យើងត្រូវប្រព្រឹត្តចំពោះពួកគេដូចតទៅ គឺយើងទុកជីវិតឲ្យគេ។ បើមិនដូច្នោះទេ នឹងនាំឲ្យខ្លួនយើងមានទោស ព្រោះតែពាក្យដែលយើងបានសច្ចាជាមួយពួកគេ»។
21 អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតឲ្យពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹក សម្រាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។
22 លោកយ៉ូស្វេបានហៅអ្នកស្រុកគីបៀនមក ហើយមានប្រសាសន៍ទៅគេថា៖ «ម្ដេចក៏អ្នករាល់គ្នាបោកប្រាស់យើង ដោយពោលថាអ្នករាល់គ្នាមកពីស្រុកឆ្ងាយដូច្នេះ? តាមពិត អ្នករាល់គ្នារស់នៅក្នុងចំណោមពួកយើងទេតើ!
23 ដោយអ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ប្រជាជនរបស់អ្នករាល់គ្នានឹងនៅជាទាសកររហូត គឺអ្នករាល់គ្នាត្រូវតែពុះអុស និងដងទឹក សម្រាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ»។