21 អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតឲ្យពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹក សម្រាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។
22 លោកយ៉ូស្វេបានហៅអ្នកស្រុកគីបៀនមក ហើយមានប្រសាសន៍ទៅគេថា៖ «ម្ដេចក៏អ្នករាល់គ្នាបោកប្រាស់យើង ដោយពោលថាអ្នករាល់គ្នាមកពីស្រុកឆ្ងាយដូច្នេះ? តាមពិត អ្នករាល់គ្នារស់នៅក្នុងចំណោមពួកយើងទេតើ!
23 ដោយអ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ប្រជាជនរបស់អ្នករាល់គ្នានឹងនៅជាទាសកររហូត គឺអ្នករាល់គ្នាត្រូវតែពុះអុស និងដងទឹក សម្រាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ»។
24 ពួកគេឆ្លើយតបមកលោកយ៉ូស្វេថា៖ «យើងខ្ញុំបានឮគេរៀបរាប់យ៉ាងលំអិតនូវហេតុការណ៍ទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់លោក បង្គាប់ដល់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យប្រគល់ស្រុកទាំងមូលដល់ពួកលោក និងឲ្យពួកលោកបំផ្លាញប្រជាជនទាំងអស់នៅក្នុងស្រុកនេះ។ យើងខ្ញុំខ្លាចពួកលោកយ៉ាងខ្លាំង ហើយក៏ភ័យបារម្ភចំពោះអាយុជីវិតរបស់យើងខ្ញុំដែរ នេះជាហេតុបណ្ដាលឲ្យយើងខ្ញុំប្រព្រឹត្តដូច្នេះ។
25 ឥឡូវនេះ យើងខ្ញុំស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមដែលលោកយល់ឃើញថាល្អ និងត្រឹមត្រូវចុះ»។
26 លោកយ៉ូស្វេប្រព្រឹត្តចំពោះពួកគេបែបនេះ គឺលោករំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលពុំបានសម្លាប់ពួកគេទេ។
27 នៅថ្ងៃនោះ លោកយ៉ូស្វេបានប្រើពួកគេឲ្យពុះអុស ដងទឹក សម្រាប់សហគមន៍ និងសម្រាប់អាសនៈរបស់ព្រះអម្ចាស់។ រហូតមកទល់សព្វថ្ងៃ កូនចៅរបស់ពួកគេនៅតែបន្តបំពេញមុខងារនេះនៅកន្លែងដែលព្រះអង្គជ្រើសរើស។