ហាកាយ 1:1-7 KHSV

1 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ហាកាយ មក​កាន់​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​នៃ​អាណា‌ខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជា‌ចារ្យ​យេសួរ ជា​កូន​របស់​លោក​យ៉ូសា‌ដាក ដូច​ត​ទៅ:

2 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជន​នេះ​ពោល​ថា “មិន​ទាន់​ដល់​ពេល​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើង​វិញ​ទេ”»។

3 ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ពួក​គេ​តាម​រយៈ​ព្យាការី​ហាកាយ ដូច​ត​ទៅ៖

4 «ពេល​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយតើ​អ្នក​រាល់​គ្នា​គួរ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​តាក់‌តែងដោយ​ឈើ​ដ៏​មាន​តម្លៃ​ដូច្នេះ​ឬ?»។

5 ឥឡូវ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលមាន​ព្រះ‌បន្ទូល​ថា៖«ចូរ​រិះគិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!

6 អ្នក​រាល់​គ្នា​សាប​ព្រោះ​ច្រើនតែ​ច្រូត​បាន​ផល​តិចអ្នក​រាល់​គ្នា​បរិភោគ តែ​មិន​ចេះ​ឆ្អែតអ្នក​រាល់​គ្នា​ផឹក​ស្រា តែ​មិន​ចេះ​ស្កប់អ្នក​រាល់​គ្នា​ស្លៀក​ពាក់ តែ​មិន​កក់​ក្ដៅអ្នក​ធ្វើ​ការ​ទទួល​ប្រាក់​ឈ្នួលតែ​ដូច​ជា​ទុក​នៅ​ក្នុង​ថង់​កណ្ដាច»។

7 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​រិះគិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!