អែសរ៉ា 1:2-8 KHSV

2 «ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ស្ថាន​បរម‌សុខ បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែនដី​មក​ឲ្យ​យើង​គ្រប់‌គ្រង។ ព្រះ‌អង្គ​បញ្ជា​ឲ្យ​យើង​សង់​ព្រះ‌ដំណាក់​មួយ នៅ​ក្រុង​យេរូ‌សាឡឹម​ក្នុង​ស្រុក​យូដា ថ្វាយ​ព្រះ‌អង្គ។

3 ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ សូម​ឲ្យ​អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​វិញ ហើយ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ សូម​ឲ្យ​ព្រះ​របស់​គេ​គង់​នៅ​ជា​មួយ​គេ។

4 ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ ទោះ​បី​រស់​នៅ​ទី​ណា​ក៏​ដោយ ប្រជា‌ជន​នៅ​ទី​នោះ​ត្រូវ​តែ​ផ្ដល់​វិភាគ‌ទាន​ដល់​ពួក​គេ ជា​ប្រាក់ មាស ទ្រព្យ​សម្បត្តិ និង​សត្វ ព្រម​ទាំង​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​ផង»។

5 ពេល​នោះ ពួក​មេ​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ក្រុម​បូជា‌ចារ្យ ក្រុម​លេវី គឺ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ជំរុញ​ចិត្ត នាំ​គ្នា​ក្រោក​ឡើង រៀបចំ​ខ្លួន​ទៅ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម។

6 អ្នក​ជិត​ខាង​របស់​ពួក​គេ​យក​របស់​របរ​ធ្វើ​ពី​ប្រាក់ ពី​មាស ព្រម​ទាំង​ទ្រព្យ​សម្បត្តិ សត្វ និង​វត្ថុ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង មក​ជួយ​ឧបត្ថម្ភ​ពួក​គេ ហើយ​ក៏​មាន​តង្វាយ​ស្ម័គ្រ​ចិត្ត​ថែម​ទៀត​ផង។

7 គ្រឿង​បរិក្ខារ​ផ្សេងៗ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​រឹប​អូស​ពី​ក្រុង​យេរូ‌សាឡឹម យក​មក​ដាក់​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន​នោះ ព្រះចៅ​ស៊ីរូស​ប្រគល់​មក​វិញ។

8 ព្រះចៅ​ស៊ីរូស​បញ្ជា​ឲ្យ​លោក​មីត្រា‌ដាត ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រាជ្យ​ទ្រព្យ យក​របស់​ទាំង​នោះ​ប្រគល់​ជូន​លោក​សេស‌បាសារ ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា។