1 ពេលលោកអែសរ៉ាក្រាបនៅមុខព្រះដំណាក់ព្រះជាម្ចាស់ លោកទូលអង្វរ និងលន់តួបាប ទាំងសម្រក់ទឹកភ្នែក ជនជាតិអ៊ីស្រាអែលជាច្រើន ទាំងប្រុស ទាំងស្រី និងក្មេង នាំគ្នាមកជុំវិញលោក ហើយយំសោកយ៉ាងខ្លាំង។
2 ពេលនោះ លោកសេកានា ជាកូនរបស់លោកយេហ៊ីអែល និងជាពូជពង្សរបស់លោកអេឡាំ ជម្រាបលោកអែសរ៉ាថា៖ «យើងខ្ញុំបានក្បត់ព្រះជាម្ចាស់ ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃ ជាប្រជាជនរស់នៅក្នុងស្រុកនេះ។ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ជនជាតិអ៊ីស្រាអែលនៅតែមានសង្ឃឹម។
3 យើងខ្ញុំសូមចងសម្ពន្ធមេត្រីជាមួយព្រះនៃយើងថា យើងខ្ញុំនឹងបោះបង់ប្រពន្ធសាសន៍ដទៃ ព្រមទាំងកូនដែលកើតពីស្ត្រីទាំងនោះទៀតផង។ យើងខ្ញុំសុខចិត្តធ្វើតាមសំណូមពររបស់លោកម្ចាស់ និងអស់អ្នកដែលគោរពកោតខ្លាច ចំពោះបទបញ្ជារបស់ព្រះនៃយើង។ សូមឲ្យបានសម្រេចតាមក្រឹត្យវិន័យចុះ។
4 សូមលោកក្រោកឡើង ហើយបំពេញកិច្ចការរបស់លោកចុះ យើងខ្ញុំគាំទ្រលោក។ សូមលោកមានចិត្តក្លាហានឡើង រួចសម្រេចកិច្ចការនេះទៅ»។
5 លោកអែសរ៉ាក្រោកឡើង បង្គាប់មេដឹកនាំ ក្រុមបូជាចារ្យ និងក្រុមលេវី ព្រមទាំងមេដឹកនាំជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យស្បថ ហើយធ្វើតាមសំណើរបស់លោកសេកានា។ ពួកគេក៏នាំគ្នាស្បថ។
6 បន្ទាប់មក លោកអែសរ៉ាចាកចេញពីមុខព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងបន្ទប់របស់លោកយ៉ូហាណាន ដែលជាកូនលោកអេលីយ៉ាស៊ីប។ នៅទីនោះ លោកមិនព្រមពិសាអាហារ ឬទឹកឡើយ ដ្បិតលោកនៅតែសោកសង្រេង ដោយសារកំហុសដ៏ធ្ងន់របស់ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ។
7 បន្ទាប់មកទៀត គេចេញប្រកាសពាសពេញក្រុងយេរូសាឡឹម និងស្រុកយូដា បង្គាប់ឲ្យអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលមកវិញនោះ ជួបជុំគ្នានៅក្រុងយេរូសាឡឹម។