13 ប៉ុន្តែ យើងខ្ញុំមានគ្នាច្រើន ហើយជារដូវភ្លៀងផង ដូច្នេះ យើងខ្ញុំមិនអាចនៅខាងក្រៅបានទេ។ មួយវិញទៀត កិច្ចការនេះពុំអាចសម្រេចក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃឡើយ ដ្បិតមានគ្នាច្រើនក្នុងចំណោមពួកយើងបានប្រព្រឹត្តអំពើបាបនេះ។
14 សូមឲ្យមេដឹកនាំរបស់យើងខ្ញុំស្ថិតនៅទីនេះ ក្នុងនាមសហគមន៍ទាំងមូល។ រីឯអស់អ្នកដែលរស់នៅតាមទីក្រុងរបស់យើង ហើយរៀបការជាមួយស្ត្រីសាសន៍ដទៃនោះ ត្រូវមកបង្ហាញខ្លួនចំពោះមុខមេដឹកនាំនៅថ្ងៃដែលព្រឹទ្ធាចារ្យ និងអ្នកគ្រប់គ្រងក្រុងនីមួយៗ បានកំណត់ទុក។ យើងខ្ញុំនឹងធ្វើបែបនេះ រហូតទាល់តែព្រះពិរោធរបស់ព្រះនៃយើងខ្ញុំបានស្ងប់»។
15 មានតែលោកយ៉ូណាថាន ជាកូនរបស់លោកអេសាអែល និងលោកយ៉ាហាសយ៉ា ជាកូនរបស់លោកធឹកវ៉ាប៉ុណ្ណោះ ដែលជំទាស់នឹងការសម្រេចនេះ ដោយមានការគាំទ្រពីសំណាក់លោកមស៊ូឡាម និងលោកសាប់ថាយ ពីក្រុមលេវី។
16 ប្រជាជនដែលជាប់ជាឈ្លើយ ហើយវិលមកវិញ យល់ស្របទាំងអស់គ្នា។ លោកបូជាចារ្យអែសរ៉ាបានជ្រើសរើសមេក្រុមគ្រួសារក្នុងអំបូរនីមួយៗ តាមឈ្មោះរបស់ពួកគេរៀងៗខ្លួន។ អ្នកទាំងនោះចូលរួមពិនិត្យមើលសំណុំរឿងនេះ នៅថ្ងៃទីមួយ ក្នុងខែទីដប់។
17 នៅថ្ងៃទីមួយ ក្នុងខែទីមួយ គេបង្ហើយការពិនិត្យមើលសំណុំរឿងរបស់អស់អ្នក ដែលរៀបការនឹងស្ត្រីសាសន៍ដទៃនោះ។
18 ក្នុងចំណោមក្រុមបូជាចារ្យ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃមាន: កូនចៅលោកយេសួរ កូនចៅលោកយ៉ូសាដាក និងកូនចៅរបស់បងប្អូនគាត់ គឺលោកម៉ាសេយ៉ា លោកអេលាស៊ើរ លោកយ៉ារីប និងលោកកេដាលា។
19 ពួកគេបានសន្យាថានឹងលែងលះប្រពន្ធរបស់ខ្លួន ហើយថ្វាយចៀមឈ្មោលមួយជាយញ្ញបូជារំដោះបាប។