1 លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដោយមានចិត្តគំនិតតែមួយ។
2 លោកយេសួរ ជាកូនរបស់យ៉ូសាដាក និងបូជាចារ្យឯទៀតៗ ដែលជាបងប្អូនលោកមកជាមួយផង ព្រមទាំងលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងបងប្អូនរបស់លោក នាំគ្នាសង់អាសនៈរបស់ព្រះនៃអ៊ីស្រាអែល ដើម្បីថ្វាយតង្វាយដុតទាំងមូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។
3 ពួកគេនាំគ្នាសង់អាសនៈនេះនៅលើគ្រឹះចាស់ ព្រោះពួកគេភ័យខ្លាចចំពោះប្រជាជនដែលរស់នៅក្នុងស្រុក ហើយថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ នៅលើអាសនៈនោះ ទាំងព្រឹក ទាំងល្ងាច។
4 បន្ទាប់មក ជនជាតិអ៊ីស្រាអែលប្រារព្ធពិធីបុណ្យបារាំ ដូចមានចែងទុកក្នុងគម្ពីរ ហើយពួកគេថ្វាយតង្វាយដុតទាំងមូលជារៀងរាល់ថ្ងៃ តាមចំនួនដូចមានចែងទុកក្នុងគម្ពីរវិន័យ។
5 ចាប់ពីពេលនោះមក ពួកគេនាំគ្នាថ្វាយតង្វាយដុតជាអចិន្ត្រៃយ៍ តង្វាយដុតសម្រាប់បុណ្យចូលខែថ្មី និងបុណ្យដ៏សំខាន់ៗទាំងប៉ុន្មាន ដែលគេប្រារព្ធថ្វាយព្រះអម្ចាស់ ព្រមទាំងតង្វាយស្ម័គ្រចិត្តដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់។
6 ចាប់តាំងពីថ្ងៃទីមួយនៃខែទីប្រាំពីរ ពួកគេចាប់ផ្ដើមថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ ទោះបីគ្រឹះនៃព្រះវិហាររបស់ព្រះអម្ចាស់ ពុំទាន់បានចាក់នៅឡើយក៏ដោយ។
7 ពួកគេជួលជាងដាប់ថ្ម និងជាងឈើ ព្រមទាំងផ្ដល់ស្បៀងអាហារ ភេសជ្ជៈ និងប្រេងអូលីវ ដល់អ្នកក្រុងស៊ីដូន និងក្រុងទីរ៉ុស ដើម្បីឲ្យពួកនោះនាំឈើតាត្រៅតាមសមុទ្រ ពីស្រុកលីបង់ រហូតមកដល់កំពង់ផែយ៉ុបប៉េ យោងតាមការអនុញ្ញាតរបស់ព្រះបាទស៊ីរូស ជាស្ដេចស្រុកពែរ្ស។