អែសរ៉ា 3:8-13 KHSV

8 នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពួក​គេ​វិល​ត្រឡប់​មក​ដល់​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល លោក​យេសួរ ជា​កូន​លោក​យ៉ូសា‌ដាក និង​បូជា‌ចារ្យ​ឯ​ទៀតៗ​ជា​បង‌ប្អូន​របស់​លោក ក្រុម​លេវី ព្រម​ទាំង​អស់​អ្នក​ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ក៏​នាំ​គ្នា​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់។ ពួក​គេ​ចាត់​តាំង​ក្រុម​លេវី ដែល​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ មើល​ខុស​ត្រូវ​លើ​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

9 លោក​យេសួរ និង​កូន ព្រម​ទាំង​បង‌ប្អូន​របស់​លោក គឺ​មាន​លោក​កាឌ‌មាល និង​កូន​របស់​លោក ដែល​មក​ពី​អំបូរ​យូដា កូន​ចៅ​របស់​លោក​ហេណា‌ដាដ ព្រម​ទាំង​កូន និង​ក្រុម​លេវី​ឯ​ទៀតៗ​ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​អស់​អ្នក​ដែល​សាង​សង់​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់។

10 នៅ​ពេល​ពួក​ជាង​ចាក់​គ្រឹះ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ គេ​សុំ​ឲ្យ​អស់​លោក​បូជា‌ចារ្យ​ដែល​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ នាំ​គ្នា​មក ទាំង​កាន់​ត្រែ ហើយ​ក្រុម​លេវី​ដែល​ជា​កូន​ចៅ​របស់​លោក​អេសាភ កាន់​ឈិង សម្រាប់​ប្រគំ​ភ្លេង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​បាន​បង្គាប់​ទុក។

11 ពួក​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​លើក​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ថា៖«ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរសព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែលស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច!»។ប្រជា‌ជន​ទាំង​មូល​ក៏​ស្រែក​ជយ‌ឃោស សរសើរ​តម្កើង​ព្រះ‌អម្ចាស់​យ៉ាង​កង​រំពង ព្រោះ​គេ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

12 មាន​បូជា‌ចារ្យ​ជា​ច្រើន ព្រម​ទាំង​ក្រុម​លេវី និង​មេ​ក្រុម​គ្រួសារ​ដែល​មាន​វ័យ​ចាស់ៗ ហើយ​ធ្លាប់​ឃើញ​ព្រះ‌ដំណាក់​ពី​ជំនាន់​មុន នាំ​គ្នា​យំ​សោក​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​គេ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​ថ្មី​នេះ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ។

13 ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​ពុំ​អាច​ដឹង​ថា សំឡេង​ណា​ជា​សំឡេង​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ ហើយ​សំឡេង​ណា​ជា​សំឡេង​យំ​សោក​ឡើយ ព្រោះ​ប្រជា‌ជន​ទាំង​អស់​ស្រែក​យ៉ាង​រំពង លាន់​ឮ​ទៅ​ឆ្ងាយ។