អែសរ៉ា 4:15-21 KHSV

15 សូម​ព្រះ‌ករុណា​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ ដែល​អយ្យកោ​របស់​ព្រះ‌ករុណា​ចង​ក្រង​ទុក នោះ​ព្រះ‌រាជា​នឹង​ឃើញ​ច្បាស់​ថា ក្រុង​នេះ​តែងតែ​បះ‌បោរ​ជា‌និច្ច ព្រម​ទាំង​បង្ក​ឲ្យ​មាន​វិបត្តិ​ដល់​ព្រះ‌មហា‌ក្សត្រ និង​ទេសា‌ភិបាល​នានា។ តាំង​ពី​ដើម​រៀង​មក ប្រជា‌ជន​នៅ​ក្រុង​នេះ​តែងតែ​បង្ក​ឲ្យ​មាន​ចលនា​បះ‌បោរ​ជា‌និច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នេះ​ត្រូវ​គេ​បំផ្លាញ​ខ្ទេច‌ខ្ទី​អស់។

16 ទូលបង្គំ​យើង​ខ្ញុំ​សូម​ទូល​ព្រះ‌ករុណា​ឲ្យ​បាន​ជ្រាប ថា ប្រសិន​បើ​ពួក​គេ​សង់​ក្រុង​នេះ​ឡើង​វិញ ហើយ​ជួស‌ជុល​កំពែង​ក្រុង នោះ​ព្រះ‌ករុណា​នឹង​បាត់​បង់​ទឹក​ដី នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ជា​មិន​ខាន»។

17 ព្រះ‌រាជា​ផ្ញើ​សារ​តប​វិញ​ដូច​ត​ទៅ៖ «ជូន​ចំពោះ​លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៅ​ស្រុក​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត សូម​ជ្រាប។

18 សារ​ដែល​អស់​លោក​ផ្ញើ​មក​យើង​នោះ គេ​បាន​បក​ប្រែ និង​អាន​ឲ្យ​យើង​ស្ដាប់​សព្វ​គ្រប់​ហើយ។

19 យើង​បញ្ជា​ឲ្យ​គេ​ស្រាវ‌ជ្រាវ ហើយ​ឃើញ​ថា តាំង​ពី​ដើម​រៀង​មក អ្នក​ក្រុង​យេរូ‌សាឡឹម​តែងតែ​បង្ក​ចលនា​បះ‌បោរ និង​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច​ជា‌និច្ច។

20 កាល​ពី​ដើម នៅ​ក្រុង​យេរូ‌សាឡឹម​នេះ មាន​ស្ដេច​ខ្លាំង​ពូកែ គ្រប់‌គ្រង​តំបន់​ខាង​លិច​ទន្លេ​អឺប្រាត​ទាំង​មូល ព្រម​ទាំង​ហូត​ពន្ធដារ​សួយសារ‌អាករ និង​ពន្ធ​ផ្លូវ​ទៀត​ផង។

21 ឥឡូវ​នេះ ចូរ​អស់​លោក​បញ្ជា​ឲ្យ​ពួក​គេ​បញ្ឈប់​កិច្ចការ​របស់​ខ្លួន​ទៅ។ ដរាប​ណា​គ្មាន​បញ្ជា​ពី​យើង​ទេ គេ​មិន​ត្រូវ​សង់​ក្រុង​នោះ​ឡើង​វិញ​ជា​ដាច់​ខាត។