អែសរ៉ា 4:6-12 KHSV

6 នៅ​ដើម​រជ្ជ‌កាល​ព្រះចៅ​អហា‌ស៊ូរុស អ្នក​ស្រុក​នោះ​បាន​ផ្ញើ​សារ​មួយ​ថ្វាយ​ស្ដេច ដើម្បី​ចោទ​ប្រកាន់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។

7 នៅ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ជា​ស្ដេច​ស្រុក​ពែរ្ស លោក​ប៊ីស‌ឡាំ លោក​មីត្រា‌ដាត លោក​តាបេល និង​បក្ស​ពួក​របស់​គេ ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស​ជា​ស្ដេច​ស្រុក​ពែរ្ស​ដែរ។ សារ​នោះ​សរសេរ​ជា​អក្សរ​អារ៉ាម និង​ភាសា​អារ៉ាម។

8 លោក​ទេសា‌ភិបាល​រេហ៊ូម និង​លោក​ស៊ីម‌សៃ ជា​លេខា ក៏​បាន​សរសេរ​សារ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស​ស្ដី​អំពី​ក្រុង​យេរូ‌សាឡឹម។ សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖

9 «ទូលបង្គំ​យើង​ខ្ញុំ រេហ៊ូម ជា​ទេសា‌ភិបាល និង​ស៊ីម‌សៃ ជា​លេខា ព្រម​ទាំង​សហការី​គ្រប់​រូប​នៃ​តំបន់​ឌីណា អផារ‌សាថាក់ ថើ‌ផែល អផា‌រ៉ាស អើកា‌វេ បាប៊ី‌ឡូន ស៊ូសាន ដេហាវេ អេឡាំ

10 និង​ប្រជា‌ជន​ឯ​ទៀតៗ​ដែល​ព្រះ‌បាទ​អស្នា‌ផារ ជា​ស្ដេច​ដ៏​ប្រសើរ​ឧត្ដម បាន​កៀរ​ឲ្យ​មក​រស់​នៅ​ក្នុង​ក្រុង​សាម៉ារី និង​តំបន់​ដែល​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។»

11 សេចក្ដី​នៅ​ក្នុង​សារ ដែល​ពួក​គេ​ផ្ញើ​ថ្វាយ​ព្រះចៅ​អើថា‌ស៊ើកសេស មាន​ដូច​ត​ទៅ៖ «ទូលបង្គំ​យើង​ខ្ញុំ​ជា​ប្រជា‌ជន​រស់​នៅ​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត។ ល។

12 សូម​ព្រះ‌ករុណា​ជ្រាប​ថា ជន‌ជាតិ​យូដា​ដែល​ត្រឡប់​ពី​នគរ​របស់​ព្រះ‌ករុណា មក​ដល់​ក្រុង​យេរូ‌សាឡឹម ក្នុង​ចំណោម​យើង​ខ្ញុំ កំពុង​តែ​នាំ​គ្នា​សង់​ក្រុង​អាក្រក់ និង​បះ‌បោរ​នេះ​ឡើង​វិញ។ ពួក​គេ​ជួស‌ជុល​កំពែង​ក្រុង ព្រម​ទាំង​កំពុង​ចាក់​គ្រឹះ​ទៀត​ផង។