11 ប្រសិនបើនរណាម្នាក់មិនគោរពតាមសេចក្ដីដែលយើងបង្គាប់ទេ ត្រូវដកឈើពីផ្ទះរបស់អ្នកនោះ បញ្ឈរឡើងសម្រាប់ដោតគេ ហើយយកផ្ទះរបស់គេធ្វើជាកន្លែងបន្ទោរបង់ផង។
12 សូមឲ្យព្រះជាម្ចាស់ដែលតាំងព្រះនាមរបស់ព្រះអង្គនៅទីនោះ ទម្លាក់ស្ដេច ឬប្រជាជនណាដែលបំពានលើសេចក្ដីសម្រេចរបស់យើង ដោយមានបំណងបំផ្លាញព្រះដំណាក់របស់ព្រះអង្គ នៅក្រុងយេរូសាឡឹម។យើងដារីយូសចេញបញ្ជានេះ ដូច្នេះ ត្រូវតែអនុវត្តតាមជាកំហិត»។
13 លោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួកសហការី នាំគ្នាអនុវត្តតាមរាជបញ្ជារបស់ព្រះចៅដារីយូសយ៉ាងម៉ត់ចត់បំផុត។
14 ពួកព្រឹទ្ធាចារ្យនៃជនជាតិយូដាបន្តការសាងសង់ព្រះវិហារដោយជោគជ័យ ស្របតាមសេចក្ដីដែលព្យាការីហាកាយ និងព្យាការីសាការី ជាកូនរបស់លោកអ៊ីដោ បានថ្លែង។ ពួកគេបង្ហើយការសាងសង់ព្រះវិហារ ស្របតាមបញ្ជារបស់ព្រះនៃអ៊ីស្រាអែល និងស្របតាមរាជក្រឹត្យរបស់ព្រះចៅស៊ីរូស ព្រះចៅដារីយូស និងព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស។
15 គេបានសង់ព្រះដំណាក់ចប់សព្វគ្រប់ នៅថ្ងៃទីបី ខែផល្គុន ក្នុងឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទដារីយូស។
16 ជនជាតិអ៊ីស្រាអែល ក្រុមបូជាចារ្យ ក្រុមលេវី និងប្រជាជននៅសេសសល់ ដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់ ដោយអំណរ។
17 ក្នុងឱកាសពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះជាម្ចាស់នេះ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាល មកថ្វាយជាយញ្ញបូជារំដោះបាប សម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។ គេក៏បានថ្វាយពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រាអែលដែរ។