4 គេត្រូវរៀបថ្មធំៗបីជួរឆ្លាស់គ្នានឹងឈើមួយជួរ។ រីឯប្រាក់ចំណាយលើការសង់ ត្រូវបើកពីឃ្លាំងរាជទ្រព្យ។
5 គ្រឿងបរិក្ខារអំពីមាស និងប្រាក់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលស្ដេចនេប៊ូក្នេសាបានរឹបអូសយកពីព្រះវិហារ នៅក្រុងយេរូសាឡឹមមកក្រុងបាប៊ីឡូននោះ ត្រូវតែនាំទៅព្រះវិហារនៅក្រុងយេរូសាឡឹម ហើយដាក់នៅកន្លែងដើមក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់»។
6 ព្រះចៅដារីយូសផ្ញើរាជសារទៅលោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថា-បូសណាយ ព្រមទាំងពួករាជការជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាតមានសេចក្ដីដូចតទៅ៖ «សុំអស់លោកកុំរវីរវល់នឹងរឿងនេះឡើយ។
7 ទុកឲ្យជនជាតិយូដាសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញចុះ។ ត្រូវឲ្យទេសាភិបាល និងពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដា សង់ព្រះដំណាក់ត្រង់កន្លែងដើម។
8 សុំអស់លោកជួយពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដា ក្នុងការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញផង។ ចំពោះចំណាយក្នុងការសង់ត្រូវយកពីឃ្លាំងរាជទ្រព្យ គឺប្រាក់នៃពន្ធអាករដែលទារពីតំបន់ខាងលិចទន្លេអឺប្រាត មកបើកឲ្យពួកគេគ្រប់ចំនួន កុំបីអាក់ខានឡើយ។
9 សុំអស់លោកផ្គត់ផ្គង់អ្វីៗដែលក្រុមបូជាចារ្យ នៅក្រុងយេរូសាឡឹមត្រូវការជារៀងរាល់ថ្ងៃ គឺគោបា ចៀមឈ្មោល និងកូនចៀម សម្រាប់ជាតង្វាយដុតទាំងមូល ថ្វាយចំពោះព្រះជាម្ចាស់នៃស្ថានបរមសុខ ព្រមទាំងស្រូវ អំបិល ស្រាទំពាំងបាយជូរ និងប្រេង តាមសំណូមពររបស់ក្រុមបូជាចារ្យ កុំបីអាក់ខានឡើយ។
10 ធ្វើដូច្នេះ ពួកគេអាចថ្វាយតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយពួកគេទូលអង្វរ សូមឲ្យព្រះរាជា និងរាជបុត្រ មានជន្មាយុយឺនយូរ។