កាឡាទី 2:1-5 KHSV

1 ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ម្ដង​ទៀត​ជា​មួយ​លោក​បារ‌ណា‌បាស ទាំង​នាំ​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។

2 ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ មក​ពី​ព្រះ‌ជាម្ចាស់​បំភ្លឺ​ចិត្ត​ឲ្យ​ដឹង​ថា ខ្ញុំ​ត្រូវ​ទៅ។ ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​បង‌ប្អូន​ដែល​នៅ​ទី​នោះ​អំពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​ប្រកាស​ដល់​សាសន៍​ដទៃ ហើយ​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​អស់​លោក ជា​អ្នក​ដឹក​នាំ​ដាច់​ឡែក​ពី​គេ​ដែរ ដើម្បី​កុំ​ឲ្យ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ ឬ​បាន​ធ្វើ​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​អសារ​ឥត​ការ​វិញ។

3 រីឯ​លោក​ទីតុស​ដែល​ទៅ​ជា​មួយ​ខ្ញុំ ទោះ​បី​គាត់​ជា​សាសន៍​ក្រិក​ក្ដី ក៏​គេ​ពុំ​បាន​បង្ខំ​គាត់​ឲ្យ​ទទួល​ពិធី​កាត់​ស្បែក*​ដែរ

4 ថ្វី‌ដ្បិត​តែ​មាន​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ​ជ្រៀត​ខ្លួន​ចូល​មក​ក្នុង​ចំណោម​យើង ដើម្បី​ឈ្លប​មើល​សេរី‌ភាព​ដែល​យើង​មាន​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទៅ​ជា​ទាសករវិញ។

5 យើង​ពុំ​បាន​សុខ​ចិត្ត​ធ្វើ​តាម​ពួក​គេ​ឡើយ សូម្បី​តែ​មួយ‌ភ្លែត​ក៏​មិន​ធ្វើ​តាម​ផង ដើម្បី​រក្សា​ការពារ​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​សម្រាប់​បង‌ប្អូន។