12 លោកយ៉ាកុបបានចាត់អ្នកខ្លះឲ្យមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែក ពីបងប្អូនសាសន៍ដទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា។
13 បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាល់ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។
14 ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថា: “បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្តតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្តតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសន៍យូដាម្ដេចកើត?”។
15 រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។
16 យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ គឺបានសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដវិញ។ ដូច្នេះ យើងក៏បានជឿលើព្រះគ្រិស្ដយេស៊ូដែរ ដើម្បីព្រះជាម្ចាស់ប្រោសយើងឲ្យបានសុចរិត តាមរយៈជំនឿរបស់ព្រះគ្រិស្ដ គឺមិនមែនដោយបានប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។
17 ប៉ុន្តែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈព្រះគ្រិស្ដ ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា ព្រះគ្រិស្ដនាំឲ្យយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ!
18 ប្រសិនបើខ្ញុំសង់ឡើងវិញ នូវអ្វីដែលខ្ញុំបានកម្ទេចចោលហើយនោះបានសេចក្ដីថា ខ្ញុំប្រព្រឹត្តល្មើសក្រឹត្យវិន័យ។