កាឡាទី 2:3-9 KHSV

3 រីឯ​លោក​ទីតុស​ដែល​ទៅ​ជា​មួយ​ខ្ញុំ ទោះ​បី​គាត់​ជា​សាសន៍​ក្រិក​ក្ដី ក៏​គេ​ពុំ​បាន​បង្ខំ​គាត់​ឲ្យ​ទទួល​ពិធី​កាត់​ស្បែក*​ដែរ

4 ថ្វី‌ដ្បិត​តែ​មាន​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ​ជ្រៀត​ខ្លួន​ចូល​មក​ក្នុង​ចំណោម​យើង ដើម្បី​ឈ្លប​មើល​សេរី‌ភាព​ដែល​យើង​មាន​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទៅ​ជា​ទាសករវិញ។

5 យើង​ពុំ​បាន​សុខ​ចិត្ត​ធ្វើ​តាម​ពួក​គេ​ឡើយ សូម្បី​តែ​មួយ‌ភ្លែត​ក៏​មិន​ធ្វើ​តាម​ផង ដើម្បី​រក្សា​ការពារ​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​សម្រាប់​បង‌ប្អូន។

6 រីឯ​បង‌ប្អូន​ដែល​គេ​គោរព​ទុក​ជា​អ្នក​ដឹក​នាំ​នោះ​វិញ (នៅ​ពេល​នោះ គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​រវល់​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​រើស​មុខ​នរណា​ទេ) អ្នក​ដឹក​នាំ​ទាំង​នោះ​ពុំ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។

7 ផ្ទុយ​ទៅ​វិញ គេ​បាន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រគល់​មុខ‌ងារ​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អ*​ដល់​សាសន៍​ដទៃ​មក​ឲ្យ​ខ្ញុំ ដូច​ព្រះ‌អង្គ​បាន​ប្រគល់​មុខ‌ងារ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា​ឲ្យ​លោក​ពេត្រុស​ដែរ

8 ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​ឲ្យ​លោក​ពេត្រុស​អាច​បំពេញ​មុខ‌ងារ​ជា​សាវ័ក*​សម្រាប់​សាសន៍​យូដា​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​អាច​បំពេញ​មុខ‌ងារ​ជា​សាវ័ក សម្រាប់​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ។

9 កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​ពួក​បង‌ប្អូន​ចាត់​ទុក​ដូច​ជា​បង្គោល​របស់​ក្រុម‌ជំនុំ បាន​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោសដល់​ខ្ញុំ​ដូច្នេះ អស់​លោក​ក៏​បាន​ចាប់​ដៃ​ខ្ញុំ និង​ចាប់​ដៃ​លោក​បារ‌ណា‌បាស ទុក​ជា​សញ្ញា​ថា យើង​រួប‌រួម​គ្នា គឺ​លោក​បារ‌ណា‌បាស និង​ខ្ញុំ​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​ដទៃ រីឯ​ពួក​លោក​វិញ លោក​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា។