កាឡាទី 2:6-12 KHSV

6 រីឯ​បង‌ប្អូន​ដែល​គេ​គោរព​ទុក​ជា​អ្នក​ដឹក​នាំ​នោះ​វិញ (នៅ​ពេល​នោះ គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​រវល់​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​រើស​មុខ​នរណា​ទេ) អ្នក​ដឹក​នាំ​ទាំង​នោះ​ពុំ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។

7 ផ្ទុយ​ទៅ​វិញ គេ​បាន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រគល់​មុខ‌ងារ​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អ*​ដល់​សាសន៍​ដទៃ​មក​ឲ្យ​ខ្ញុំ ដូច​ព្រះ‌អង្គ​បាន​ប្រគល់​មុខ‌ងារ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា​ឲ្យ​លោក​ពេត្រុស​ដែរ

8 ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​ឲ្យ​លោក​ពេត្រុស​អាច​បំពេញ​មុខ‌ងារ​ជា​សាវ័ក*​សម្រាប់​សាសន៍​យូដា​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​អាច​បំពេញ​មុខ‌ងារ​ជា​សាវ័ក សម្រាប់​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ។

9 កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​ពួក​បង‌ប្អូន​ចាត់​ទុក​ដូច​ជា​បង្គោល​របស់​ក្រុម‌ជំនុំ បាន​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោសដល់​ខ្ញុំ​ដូច្នេះ អស់​លោក​ក៏​បាន​ចាប់​ដៃ​ខ្ញុំ និង​ចាប់​ដៃ​លោក​បារ‌ណា‌បាស ទុក​ជា​សញ្ញា​ថា យើង​រួប‌រួម​គ្នា គឺ​លោក​បារ‌ណា‌បាស និង​ខ្ញុំ​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​ដទៃ រីឯ​ពួក​លោក​វិញ លោក​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា។

10 ពួក​លោក​គ្រាន់​តែ​សុំ​ឲ្យ​យើង​គិត‌គូរ​ដល់​ជន​ក្រីក្រ ជា​កិច្ចការ​ដែល​ខ្ញុំ​ខ្នះ‌ខ្នែង​បំពេញ​ស្រាប់​ហើយ។

11 ក៏​ប៉ុន្តែ នៅ​ពេល​លោក​ពេត្រុស​បាន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ខ្ញុំ​ក៏​បាន​ជំទាស់​នឹង​លោក​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ព្រោះ​លោក​បាន​ធ្វើ​ខុស។

12 លោក​យ៉ាកុប​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​មក ហើយ​មុន​ពេល​ដែល​អ្នក​ទាំង​នោះ​មក​ដល់ លោក​ពេត្រុស​តែង​បរិភោគ​រួម​ជា​មួយ​ពួក​បង‌ប្អូន​សាសន៍​ដទៃ តែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់ លោក​បែរ​ជា​ដក​ខ្លួន​ថយ​ចេញ​ដាច់​ឡែក ពី​បង‌ប្អូន​សាសន៍​ដទៃ ព្រោះ​លោក​ខ្លាច​បង‌ប្អូន​សាសន៍​យូដា។