1 ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាសាវ័ករបស់ព្រះយេស៊ូគ្រិស្ដ*។ ព្រះជាម្ចាស់ចាត់ខ្ញុំឲ្យនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសឲ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។
2 អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យាតាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ។
3 នៅពេលកំណត់ ព្រះអង្គបានសម្តែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកឲ្យខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង។
4 មកដល់ទីតុសជាកូនដ៏ពិតប្រាកដខាងជំនឿ ដែលយើងមានរួមគ្នា។សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះសង្គ្រោះនៃយើង ប្រទានឲ្យអ្នកបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត។
5 ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឲ្យមានរបៀបរៀបរយ និងតែងតាំងព្រឹទ្ធាចារ្យ* នៅតាមក្រុងនីមួយៗ ដូចខ្ញុំបានផ្ដាំរួចហើយ
6 គឺត្រូវយកអ្នកណាដែលឥតមានកំហុស មានភរិយាតែមួយ មានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថាជាកូនខិលខូច មិនចេះស្ដាប់បង្គាប់។
7 ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអភិបាលត្រូវតែឥតកំហុស មិនក្រអឺតក្រទម មិនឆាប់ខឹង មិនចំណូលស្រា មិនចេះឈ្លោះប្រកែក ឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។