19 «មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយ មានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។
20 មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។
21 អ្នកឡាសារចង់បរិភោគកម្ទេចម្ហូបអាហារ ដែលជ្រុះពីតុអ្នកមាននោះណាស់ ហើយក៏មានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។
22 ថ្ងៃមួយ អ្នកក្រនោះស្លាប់ទៅ ពួកទេវតា*នាំគាត់យកទៅដាក់ក្បែរលោកអប្រាហាំ នៅស្ថានបរមសុខ។ រីឯអ្នកមានក៏ស្លាប់ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។
23 នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើឃើញលោកអប្រាហាំពីចម្ងាយ ហើយឃើញអ្នកឡាសារនៅក្បែរលោកដែរ។
24 គាត់ស្រែកអង្វរលោកអប្រាហាំថា “លោកឪពុកអើយ! សូមអាណិតមេត្តាខ្ញុំផង។ សូមលោកឪពុកប្រាប់ឡាសារឲ្យយកម្រាមដៃជ្រលក់ទឹក បន្ដក់លើអណ្ដាតខ្ញុំបន្ដិច ព្រោះនៅក្នុងភ្លើងនេះ ខ្ញុំឈឺចុកចាប់ណាស់”។
25 លោកអប្រាហាំមានប្រសាសន៍ថា “កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្តហើយ តែកូនវិញ កូនត្រូវឈឺចុកចាប់។