លូកា 16:9-15 KHSV

9 «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​យក​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ដែល​បញ្ឆោត​ចិត្ត​នេះ​ទៅ​ធ្វើ​ទាន ដើម្បី​ឲ្យ​មាន​មិត្ត‌ភក្ដិ​ច្រើន។ ពេល​ណា​ទ្រព្យ​នេះ​រលាយ​សូន្យ​ទៅ​មិត្ត‌ភក្ដិ​ទាំង​នោះ​នឹង​ទទួល​អ្នក​រាល់​គ្នា នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

10 អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ។

11 ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ក្នុង​របៀប​ប្រើ‌ប្រាស់​ទ្រព្យ‌សម្បត្តិ​លោកីយ៍ ដែល​បញ្ឆោត​ចិត្ត​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​ពុំ​អាច​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដ៏​ពិត​ប្រាកដ​មក​អ្នក​រាល់​គ្នា​បាន​ដែរ។

12 ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យ‌សម្បត្តិ អ្នក​ដទៃ​ផង ធ្វើ​ម្ដេច​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រទាន​ទ្រព្យ‌សម្បត្តិ​ដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា មក​អ្នក​រាល់​គ្នា​បាន!

13 គ្មាន​អ្នក​ណា​អាច​បម្រើ​ម្ចាស់​ពីរ​នាក់​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​ម្នាក់​ស្រឡាញ់​ម្នាក់ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ផង គោរព​បម្រើ​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ផង​បាន​ឡើយ»។

14 កាល​ពួក​ខាង​គណៈ‌ផារីស៊ី*​ឮ​ដូច្នោះ គេ​ក៏​ចំអក​ឲ្យ​ព្រះ‌យេស៊ូ ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។

15 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​តែងតែ​សម្តែង​ឫក‌ពា​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​ឈ្វេង​យល់​ចិត្ត​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ ព្រះ‌ជាម្ចាស់​ចាត់​ទុក​ថា​ជា​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម។