18 ម្នាក់ឈ្មោះក្លេវប៉ាស ទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹមដឹងហេតុការណ៍ ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។
19 ព្រះអង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូជាអ្នកភូមិណាសារ៉ែត។ ព្រះជាម្ចាស់ និងប្រជាជនទាំងមូល ទទួលស្គាល់ថា លោកជាព្យាការី*មានឫទ្ធានុភាពក្នុងគ្រប់កិច្ចការដែលលោកបានធ្វើ និងគ្រប់ពាក្យសម្ដីដែលលោកបានថ្លែង។
20 ពួកនាយកបូជាចារ្យ* និងពួកមន្ត្រីរបស់យើង បានបញ្ជូនលោកទៅឲ្យគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។
21 យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។
22 មានស្ត្រីខ្លះក្នុងចំណោមពួកយើង បានធ្វើឲ្យយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរតាំងពីព្រលឹម
23 តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញរៀបរាប់ថា នាងបានឃើញទេវតា*មកប្រាប់ថា លោកមានជីវិតរស់។
24 មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ត្រីទាំងនោះនិយាយមែន ប៉ុន្តែ ពុំមាននរណាបានឃើញលោកសោះ»។