17 ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្ស*ទាំងនោះមកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសិស្សជាច្រើន និងប្រជាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។
18 គេនាំគ្នាមកស្ដាប់ព្រះអង្គ និងសូមព្រះអង្គប្រោសគេឲ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនក៏បានជាដែរ។
19 បណ្ដាជនប្រជ្រៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានឫទ្ធានុភាពចេញពីព្រះអង្គមក ប្រោសគេឲ្យជាគ្រប់ៗគ្នា។
20 ព្រះយេស៊ូងើបព្រះភ័ក្ត្រទតមើលសិស្ស*របស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖«អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ!អ្នកមានសុភមង្គល*ហើយដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់។
21 អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ!អ្នកមានសុភមង្គលហើយដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ!អ្នកមានសុភមង្គលហើយដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។
22 ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នាប្រសិនបើគេត្មះតិះដៀលបង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែបុត្រមនុស្ស*អ្នករាល់គ្នាមានសុភមង្គលហើយ។
23 នៅគ្រានោះ ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំ នៅស្ថានបរមសុខ*។ កាលពីជំនាន់មុន បុព្វបុរស*របស់គេក៏បានប្រព្រឹត្តចំពោះពួកព្យាការីដូច្នោះដែរ។