1 ខ្ញុំ ប៉ូល ជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យត្រាស់ហៅ ឲ្យធ្វើជាសាវ័ករបស់ព្រះគ្រិស្ដ*យេស៊ូ ខ្ញុំ និងលោកសូស្ដែន
2 សូមជម្រាបមកក្រុមជំនុំ*របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស។ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យធ្វើជាប្រជារាស្ដ្រដ៏វិសុទ្ធ* ព្រមទាំងប្រោសប្រទានឲ្យបានវិសុទ្ធ ក្នុងអង្គព្រះគ្រិស្ដយេស៊ូ រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
3 សូមព្រះជាម្ចាស់ ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ*ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។
4 ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះព្រះអង្គបានប្រណីសន្ដោសដល់បងប្អូន ដោយបងប្អូនរួមជាមួយព្រះគ្រិស្ដយេស៊ូ។
5 ដោយរួមជាមួយព្រះអង្គ បងប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងព្រះបន្ទូល ទាំងខាងការស្គាល់ព្រះអង្គ។