14 រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្គាប់មកថា អស់អ្នកដែលផ្សព្វផ្សាយដំណឹងល្អ ត្រូវតែចិញ្ចឹមជីវិតដោយសារដំណឹងល្អនោះ។
15 ចំពោះខ្ញុំ ខ្ញុំពុំដែលប្រើសិទ្ធិទាំងនេះទាល់តែសោះ ហើយខ្ញុំសរសេរដូច្នេះ ក៏ពុំមែនចង់ទាមទារយកសិទ្ធិនោះមកប្រើដែរ សូវស្លាប់ល្អជាង! គ្មាននរណាអាចដកយកកិត្តិយសនេះ ចេញពីខ្ញុំបានឡើយ។
16 ខ្ញុំមិនត្រូវអួតថាការផ្សាយដំណឹងល្អជាកិត្តិយសរបស់ខ្ញុំនោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធ្វើដោយខានមិនបាន។ ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អទេ សូមឲ្យខ្ញុំវេទនាទៅចុះ!។
17 ប្រសិនបើខ្ញុំស្ម័គ្រចិត្តផ្សាយដំណឹងល្អដោយខ្លួនឯង ខ្ញុំត្រូវតែទទួលបៀវត្សរ៍។ ផ្ទុយទៅវិញបើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែព្រះអង្គផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ។
18 ដូច្នេះ តើខ្ញុំនឹងបានទទួលបៀវត្សរ៍ឯណា! បៀវត្សរ៍របស់ខ្ញុំ គឺឲ្យតែខ្ញុំបានផ្សាយដំណឹងល្អ ដោយឥតគិតថ្លៃ ឥតប្រើសិទ្ធិជាអ្នកផ្សាយដំណឹងល្អឡើយ។
19 ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់ចំណងរបស់នរណាក៏ដោយ ក៏ខ្ញុំសុខចិត្តដាក់ខ្លួន ធ្វើជាខ្ញុំបម្រើរបស់មនុស្សទាំងអស់ដែរ ដើម្បីនាំមនុស្សជាច្រើន ឲ្យមានជំនឿលើព្រះគ្រិស្ដ។
20 កាលខ្ញុំនៅជាមួយសាសន៍យូដា ខ្ញុំធ្វើដូចសាសន៍យូដា ដើម្បីនាំគេឲ្យមានជំនឿលើព្រះគ្រិស្ដ។ ទោះបីខ្លួនខ្ញុំផ្ទាល់មិនស្ថិតនៅក្រោមក្រឹត្យវិន័យក៏ដោយ កាលណាខ្ញុំនៅជាមួយអស់អ្នកដែលស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យ ខ្ញុំក៏ធ្វើដូចអ្នកដែលស្ថិតនៅក្រោមអំណាចរបស់ក្រឹត្យវិន័យដែរ។