1 ខ្ញុំ ពេត្រុស ជាសាវ័ក*របស់ព្រះយេស៊ូគ្រិស្ដ សូមជម្រាបមកបងប្អូនដែលព្រះជាម្ចាស់បានជ្រើសរើស ហើយដែលបែកខ្ញែកគ្នាទៅរស់ជាអាណិកជន នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា។
2 ព្រះជាម្ចាស់ ជាព្រះបិតា បានជ្រើសរើសបងប្អូន តាមគម្រោងការដែលព្រះអង្គគ្រោងទុកពីមុនមក ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យបានវិសុទ្ធ* ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ដ* និងឲ្យព្រះអង្គប្រោះព្រះលោហិតរបស់ព្រះអង្គលើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តកាន់តែច្រើនឡើងៗ។
3 សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ* ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើងឲ្យកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រិស្ដ*ឲ្យមានព្រះជន្មរស់ឡើងវិញ ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ
4 ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បម្រុងទុកមត៌កនេះឲ្យបងប្អូននៅស្ថានបរមសុខ*
5 ហើយឫទ្ធានុភាពរបស់ព្រះអង្គថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះ ដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសម្តែងនៅគ្រាចុងក្រោយបំផុត។
6 ហេតុនេះហើយបានជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងៗ ក្នុងមួយរយៈពេលខ្លីក៏ដោយ។
7 ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដសម្តែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្តិយសជាមិនខាន។