8 បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្ដី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន
9 ព្រោះបងប្អូនបានទទួលការសង្គ្រោះសម្រាប់ព្រលឹងខ្លួន ដែលជាទីដៅនៃជំនឿរបស់បងប្អូន។
10 ព្យាការី*ដែលថ្លែងព្រះបន្ទូល*អំពីព្រះគុណ ដែលបម្រុងសម្រាប់បងប្អូន បាននាំគ្នាស្រាវជ្រាវ និងរិះរកចង់ដឹងអំពីការសង្គ្រោះនេះ។
11 ព្រះវិញ្ញាណរបស់ព្រះគ្រិស្ដដែលគង់នៅក្នុងព្យាការីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់ព្រះគ្រិស្ដ និងអំពីសិរីរុងរឿងដែលព្រះអង្គនឹងទទួលតាមក្រោយ។ ពួកលោកក៏បានរិះគិតចង់ដឹងថា តើព្រឹត្តិការណ៍នេះនឹងកើតមាននៅជំនាន់ណា ក្នុងកាលៈទេសៈណា។
12 ព្រះជាម្ចាស់បានសម្តែងឲ្យព្យាការីទាំងនោះដឹងថា សេចក្ដីដែលពួកលោកថ្លែងមិនមែនសម្រាប់ពួកលោកទេ គឺសម្រាប់បងប្អូនវិញ។ ឥឡូវនេះ ពួកអ្នកផ្សព្វផ្សាយដំណឹងល្អ*បាននាំដំណឹងមកប្រាប់បងប្អូនអំពីសេចក្ដីទាំងនោះ ក្រោមការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ* ដែលព្រះជាម្ចាស់បានចាត់ពីស្ថានបរមសុខមក។ សូម្បីតែពួកទេវតា*ក៏ប្រាថ្នាចង់យល់ជម្រៅនៃសេចក្ដីទាំងនោះដែរ។
13 ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្តគំនិតឲ្យមែនទែន កុំភ្លេចខ្លួនឲ្យសោះ ត្រូវមានចិត្តសង្ឃឹមទាំងស្រុងទៅលើព្រះគុណ ដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យបងប្អូន នៅថ្ងៃព្រះយេស៊ូគ្រិស្ដ*នឹងសម្តែងព្រះអង្គឲ្យមនុស្សលោកឃើញ។
14 ចូរធ្វើដូចកូនដែលចេះស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្តប៉ងប្រាថ្នា ដែលបងប្អូនធ្លាប់មានកាលមិនទាន់ស្គាល់ព្រះអង្គនោះឡើយ