១ ពេត្រុស 2:15-21 KHSV

15 ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បង‌ប្អូន​បំបិទ​មាត់​ពួក​មនុស្ស​ខ្លៅ ដោយ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ

16 ឲ្យ​សម​នឹង​ឋានៈ​ជា​មនុស្ស​មាន​សេរី‌ភាព ក៏​ប៉ុន្តែ កុំ​ប្រើ​សេរី‌ភាព​នេះ ដើម្បី​គ្រប​បាំង​អំពើ​អាក្រក់​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ឋានៈ​បង‌ប្អូន ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជា‌ម្ចាស់។

17 ចូរ​គោរព​មនុស្ស​គ្រប់ៗ​រូប ចូរ​ស្រឡាញ់​បង‌ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ និង​គោរព​ព្រះ‌រាជា​ផង។

18 បង‌ប្អូន​ដែល​ជា​អ្នក​បម្រើ​អើយ! ត្រូវ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​របស់​ខ្លួន ដោយ​គោរព​កោត​ខ្លាច​ទាំង​ស្រុង មិន​ត្រឹម​តែ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​ណា​ដែល​ល្អ និង​មាន​ចិត្ត​សប្បុរស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​កាច​ផង​ដែរ។

19 បើ​មាន​បង‌ប្អូន​ណា​ម្នាក់​រង‌ទុក្ខ​លំបាក​ដោយ​អយុត្ដិ‌ធម៌ ហើយ​ស៊ូ​ទ្រាំ ព្រោះ​យល់​ដល់​ព្រះ‌ជា‌ម្ចាស់ តោង​ចាត់​ទុក​ថា ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន​នោះ​ហើយ។

20 ប្រសិន​បើ​បង‌ប្អូន​ស៊ូ​ទ្រាំ​រង​ទារុណ‌កម្ម​មក​ពី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ បង‌ប្អូន​គ្មាន​កិត្តិយស​អ្វី​ទេ! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង‌ប្អូន​បាន​ប្រព្រឹត្ត​អំពើ​ល្អ តែ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​មក​ពី​ព្រះ‌ជា‌ម្ចាស់​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន។

21 ព្រះ‌អង្គ​ត្រាស់​ហៅ​បង‌ប្អូន​មកឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះព្រោះ​ព្រះ‌គ្រិស្ដ*​ក៏​បាន​រង‌ទុក្ខ​លំបាកសម្រាប់​បង‌ប្អូន ទុក​ជា​គំរូ​ឲ្យបង‌ប្អូន​ដើរ​តាម​គន្លង​របស់​ព្រះ‌អង្គ​ដែរ។