១ ពេត្រុស 3:13-19 KHSV

13 ប្រសិន​បើ​បង‌ប្អូន​ខ្នះ‌ខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ តើ​នរណា​នឹង​ធ្វើ​បាប​បង‌ប្អូន

14 យ៉ាង​ណា‌មិញ បើ​បង‌ប្អូន​រង‌ទុក្ខ​វេទនា ព្រោះ​តែ​សេចក្ដី​សុចរិត* នោះ​បង‌ប្អូន​មាន​សុភមង្គល​ហើយ។ សូម​កុំ​ភ័យ​ខ្លាច​មនុស្ស​លោក​ឡើយ ហើយ​ក៏​មិន​ត្រូវ​តប់‌ប្រមល់​ដែរ

15 តែ​ត្រូវ​ទុក​ឲ្យ​ព្រះ‌គ្រិស្ដ*​ជា​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី ក្នុង​ចិត្ត​គំនិត​របស់​បង‌ប្អូន​វិញ។ ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែល​សាក​សួរ​អំពី​សេចក្ដី​សង្ឃឹម​របស់​បង‌ប្អូន​នោះ​ជា‌និច្ច

16 ប៉ុន្តែ ត្រូវ​ឆ្លើយ​ទៅ​គេ ដោយ​ទន់‌ភ្លន់ ដោយ​គោរព និង​ដោយ​មាន​មន‌សិការ​ល្អ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចង់​មួល​បង្កាច់​កិរិយា​ល្អ​របស់​បង‌ប្អូន ជា​អ្នក​ជឿ​ព្រះ‌គ្រិស្ដ* ត្រង់​ចំណុច​ណា​មួយ បែរ​ជា​ត្រូវ​ខ្មាស​ទៅ​វិញ។

17 សូវ​រង‌ទុក្ខ​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់ ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​នេះ។

18 សូម្បី​តែ​ព្រះ‌គ្រិស្ដ*​ក៏​ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត*​បាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់។ កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស ទ្រង់​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។

19 នៅ​ពេល​នោះ ព្រះ‌អង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះ‌បន្ទូល​ដល់​វិញ្ញាណ‌ក្ខ័ន្ធ ដែល​ជាប់​ឃុំ‌ឃាំង