5 រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ*។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត«ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។
6 ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមព្រះហស្ដដ៏មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះអង្គលើកតម្កើងបងប្អូន នៅពេលដែលព្រះអង្គបានកំណត់ទុក។
7 ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងបងប្អូន។
8 ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតមារ*ជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសិង្ហក្រវែល ទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។
9 ចូរប្រឆាំងនឹងវា ហើយមានជំនឿមាំមួនឡើង ដោយដឹងថា បងប្អូនរួមជំនឿឯទៀតៗនៅក្នុងសកលលោកទាំងមូល ក៏ត្រូវរងទុក្ខលំបាកដូចបងប្អូនដែរ។
10 បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ ព្រះជាម្ចាស់ប្រកបដោយព្រះគុណគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន ឲ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយព្រះគ្រិស្ដ* ព្រះអង្គនឹងលើកបងប្អូនឲ្យមានជំហរឡើងវិញ ប្រទានឲ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឲ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។
11 សូមឲ្យព្រះអង្គបានប្រកបដោយព្រះចេស្ដា សូមលើកតម្កើងព្រះចេស្ដារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!