17 លោកីយ៍នេះកំពុងតែរសាត់បាត់ទៅ ហើយចិត្តលោភលន់របស់មនុស្សលោកក៏កំពុងតែរសាត់បាត់ទៅដែរ។ ផ្ទុយទៅវិញ អ្នកដែលប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងនៅស្ថិតស្ថេរគង់វង្សអស់កល្បជានិច្ច។
18 ម្នាលកូនចៅទាំងឡាយអើយ ពេលនេះ ជាពេលចុងក្រោយបំផុត ដូចអ្នករាល់គ្នាបានឮស្រាប់ហើយថា មានមេប្រឆាំង*ព្រះគ្រិស្ដម្នាក់កំពុងតែមក។ ឥឡូវនេះ មានមេប្រឆាំងព្រះគ្រិស្ដជាច្រើននាក់មកដល់មែន ជាហេតុនាំឲ្យយើងដឹងថា គ្រានេះជាគ្រាចុងក្រោយបំផុតហើយ។
19 អ្នកទាំងនោះបានចេញពីចំណោមពួកយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្តែ គេចាកចេញពីយើងទៅ ដូច្នេះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។
20 រីឯអ្នករាល់គ្នាវិញ ព្រះដ៏វិសុទ្ធ*បានចាក់ប្រេងមកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។
21 ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺខ្ញុំសរសេរមកព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិតរួចហើយ ហើយគ្មានពាក្យកុហកណាកើតមកពីសេចក្ដីពិតទាល់តែសោះ។
22 តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូ ថាជាព្រះគ្រិស្ដ*នោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ ទាំងព្រះបិតា ទាំងព្រះបុត្រា គឺអ្នកនោះហើយជាមេប្រឆាំង*ព្រះគ្រិស្ដ។
23 អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។