2 ព្រះអង្គបានបូជាព្រះជន្ម ដើម្បីលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
3 ប្រសិនបើយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ នោះទើបយើងដឹងថា យើងបានស្គាល់ព្រះអង្គមែន។
4 អ្នកណាពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។
5 រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្ដីនេះ
6 គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។
7 កូនចៅជាទីស្រឡាញ់អើយ ខ្ញុំមិនសរសេរបទបញ្ជា*ថ្មីណាមួយមកជូនអ្នករាល់គ្នាឡើយ គឺខ្ញុំសរសេរបទបញ្ជាចាស់ ជាបទបញ្ជាដែលអ្នករាល់គ្នាបានទទួល តាំងពីដើមរៀងមក។ បទបញ្ជា*ចាស់នេះជាព្រះបន្ទូល ដែលអ្នករាល់គ្នាធ្លាប់បានឮរួចមកហើយ។
8 យ៉ាងណាមិញ បទបញ្ជាថ្មីដែលខ្ញុំសរសេរមកអ្នករាល់គ្នា ពិតជាថ្មីក្នុងអង្គព្រះគ្រិស្ដ* និងក្នុងអ្នករាល់គ្នា ដ្បិតសេចក្ដីងងឹតកំពុងតែរសាត់បាត់ទៅ រីឯពន្លឺដ៏ពិតប្រាកដបានភ្លឺឡើងហើយ។