23 អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។
24 ចំពោះអ្នករាល់គ្នាវិញ ចូរទុកឲ្យសេចក្ដីដែលអ្នករាល់គ្នាធ្លាប់បានឮ តាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏ស្ថិតនៅជាប់នឹងព្រះបុត្រា និងព្រះបិតាដែរ។
25 រីឯព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយយើងនោះ គឺព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចមកយើង។
26 ខ្ញុំសរសេរមកអ្នករាល់គ្នាស្ដីអំពីពួកអ្នក ដែលបានមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេង។
27 ព្រះវិញ្ញាណដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ទ្រង់គង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឲ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើព្រះវិញ្ញាណបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ព្រះអង្គមិនកុហកទេ ព្រះអង្គជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាស្ថិតនៅជាប់នឹងព្រះគ្រិស្ដ*ដូចព្រះវិញ្ញាណបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។
28 ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងព្រះយេស៊ូចុះ ដើម្បីឲ្យយើងមានចិត្តរឹងប៉ឹង នៅថ្ងៃដែលព្រះអង្គយាងមកយ៉ាងរុងរឿង ហើយពេលព្រះអង្គយាងមកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះព្រះភ័ក្ត្រព្រះអង្គឡើយ។
29 អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះអង្គសុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត សុទ្ធតែកើតមកពីព្រះអង្គទាំងអស់។