5 រីឯអ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាស្ថិតនៅក្នុងអ្នកនោះ គ្រប់លក្ខណៈមែន។ យើងអាចដឹងថា យើងពិតជាស្ថិតនៅក្នុងព្រះអង្គដោយសេចក្ដីនេះ
6 គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។
7 កូនចៅជាទីស្រឡាញ់អើយ ខ្ញុំមិនសរសេរបទបញ្ជា*ថ្មីណាមួយមកជូនអ្នករាល់គ្នាឡើយ គឺខ្ញុំសរសេរបទបញ្ជាចាស់ ជាបទបញ្ជាដែលអ្នករាល់គ្នាបានទទួល តាំងពីដើមរៀងមក។ បទបញ្ជា*ចាស់នេះជាព្រះបន្ទូល ដែលអ្នករាល់គ្នាធ្លាប់បានឮរួចមកហើយ។
8 យ៉ាងណាមិញ បទបញ្ជាថ្មីដែលខ្ញុំសរសេរមកអ្នករាល់គ្នា ពិតជាថ្មីក្នុងអង្គព្រះគ្រិស្ដ* និងក្នុងអ្នករាល់គ្នា ដ្បិតសេចក្ដីងងឹតកំពុងតែរសាត់បាត់ទៅ រីឯពន្លឺដ៏ពិតប្រាកដបានភ្លឺឡើងហើយ។
9 អ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងពន្លឺ តែស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹតនៅឡើយ។
10 អ្នកណាស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងពន្លឺ ហើយគ្មានអ្វីធ្វើឲ្យគាត់រវាតចិត្តចេញពីជំនឿឡើយ។
11 រីឯអ្នកណាស្អប់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត គេរស់ក្នុងសេចក្ដីងងឹត ទាំងពុំដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេទៅជាខ្វាក់។