10 ត្រង់ហ្នឹងហើយ ដែលបង្ហាញឲ្យឃើញច្បាស់ថា អ្នកណាជាបុត្ររបស់ព្រះជាម្ចាស់ អ្នកណាជាកូនចៅរបស់មារ*។ អ្នកណាមិនប្រព្រឹត្តអំពើសុចរិត* អ្នកនោះមិនមែនកើតមកពីព្រះជាម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូន អ្នកនោះក៏មិនមែនកើតមកពីព្រះអង្គដែរ។
11 ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។
12 យើងមិនត្រូវធ្វើដូចកាអ៊ីន ដែលកើតចេញមកពីមារ*កំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្តសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត*។
13 បងប្អូនអើយ ប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។
14 យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។
15 អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក។ បងប្អូនដឹងស្រាប់ហើយថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។
16 យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។