19 ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះភ័ក្ត្រព្រះអង្គទេ។
20 ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើង នោះព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើង ទ្រង់ឈ្វេងយល់ទាំងអស់។
21 កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្តគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
22 អ្វីៗក៏ដោយឲ្យតែយើងទូលសូម យើងមុខជាទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ និងប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។
23 រីឯបទបញ្ជា*របស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រិស្ដ* ជាព្រះបុត្រារបស់ព្រះអង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលព្រះអង្គប្រទានមកយើង។
24 អ្នកណាកាន់តាមបទបញ្ជា*របស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។