8 អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះកើតចេញពីមារ* ដ្បិតមារបានប្រព្រឹត្តអំពើបាប តាំងពីដើមរៀងមក។ ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ដើម្បីរំលាយកិច្ចការរបស់មារ។
9 អ្នកដែលកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចប្រព្រឹត្តអំពើបាបបានឡើយ ព្រោះគេកើតមកពីព្រះជាម្ចាស់។
10 ត្រង់ហ្នឹងហើយ ដែលបង្ហាញឲ្យឃើញច្បាស់ថា អ្នកណាជាបុត្ររបស់ព្រះជាម្ចាស់ អ្នកណាជាកូនចៅរបស់មារ*។ អ្នកណាមិនប្រព្រឹត្តអំពើសុចរិត* អ្នកនោះមិនមែនកើតមកពីព្រះជាម្ចាស់ទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូន អ្នកនោះក៏មិនមែនកើតមកពីព្រះអង្គដែរ។
11 ដំណឹងដែលបងប្អូនបានទទួល តាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។
12 យើងមិនត្រូវធ្វើដូចកាអ៊ីន ដែលកើតចេញមកពីមារ*កំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្តសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត*។
13 បងប្អូនអើយ ប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។
14 យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។