8 រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់ព្រះជាម្ចាស់ទេ ដ្បិតព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។
9 ព្រះជាម្ចាស់បានសម្តែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រាតែមួយគត់របស់ព្រះអង្គឲ្យយាងមកក្នុងលោកនេះ ដើម្បីឲ្យយើងមានជីវិតដោយសារព្រះបុត្រា។
10 សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និងបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យយាងមកបូជាព្រះជន្ម លោះយើងឲ្យរួចពីបាបផង។
11 កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
12 ពុំដែលមាននរណាបានឃើញព្រះជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ នឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។
13 យើងដឹងថា យើងស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើង ដោយទ្រង់បានចែកព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។
14 រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យយាងមកសង្គ្រោះមនុស្សលោក។