1 អ្នកណាជឿថាព្រះយេស៊ូពិតជាព្រះគ្រិស្ដ អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។
2 ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្ររបស់ព្រះជាម្ចាស់។
3 យើងមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមបទបញ្ជាទាំងប៉ុន្មាន។ បទបញ្ជារបស់ព្រះអង្គមិនតឹងតែងទេ
4 ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។
5 តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។
6 ព្រះយេស៊ូគ្រិស្ដនេះហើយដែលបានយាងមកក្នុងលោកនេះ ដោយទឹក និងលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងលោហិតផង។ ព្រះវិញ្ញាណបានផ្ដល់សក្ខីភាពថា សេចក្ដីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្ដីពិត។