២ ថេស្សា‌ឡូនិក 1:1-7 KHSV

1 យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង និង​រួម​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ*។

2 សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។

3 បង‌ប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ស្ដី​អំពី​បង‌ប្អូន​ជា‌និច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បង‌ប្អូន​កាន់​តែ​ចម្រើន​ឡើង ហើយ​បង‌ប្អូន​ក៏​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។

4 ដូច្នេះ យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ក្រុម‌ជំនុំ*​នានា​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​បង‌ប្អូន ដ្បិត​បង‌ប្អូន​ចេះ​ស៊ូ​ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។

5 ហេតុ‌ការណ៍​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះ‌ជាម្ចាស់​ទ្រង់​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ គឺ​ទុក្ខ​លំបាក​របស់​បង‌ប្អូន ធ្វើ​ឲ្យ​បង‌ប្អូន​សម​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មែន ដ្បិត​បង‌ប្អូន​រង​ទុក្ខ​លំបាក ព្រោះ​តែ​ព្រះ‌រាជ្យ​នេះ​ឯង។

6 ព្រះ‌ជាម្ចាស់​នឹង​សម្រេច​ការ​មួយ​ដ៏​ត្រឹម​ត្រូវ គឺ​ព្រះ‌អង្គ​នាំ​ទុក្ខ​វេទនា​យក​មក​សង​ពួក​អ្នក ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​វេទនា

7 ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​បង‌ប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សម្រាក​ជា​មួយ​យើង នៅ​ពេល​ព្រះ‌អម្ចាស់‌យេស៊ូ​លេច​ចេញ​ពី​ស្ថាន​បរម‌សុខ*​មក ជា​មួយ​ពួក​ទេវតា*​ដ៏​មាន​ឫទ្ធា‌នុភាព។