២ ធីម៉ូថេ 2:20-26 KHSV

20 នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ធំ​មិន​មែន​មាន​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ និង​ធ្វើ​ពី​ដី​ដែរ មួយ​ផ្នែក​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ឱកាស​ពិសេស មួយ​ផ្នែក​ទៀត​សម្រាប់​ប្រើ‌ប្រាស់​ជា​ធម្មតា។

21 ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ជម្រះ​ខ្លួន​បាន​បរិសុទ្ធ ផុត​ពី​អំពើ​អាក្រក់​ទាំង​នេះ​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រើ​អ្នក​នោះ​ទុក​ដូច​ជា​ឧបករណ៍​វិសេស វិសុទ្ធ*​មាន​ប្រយោជន៍​ដល់​ម្ចាស់ និង​ប្រើ‌ប្រាស់ សម្រាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង។

22 ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​នៃ​យុវ‌វ័យ ហើយ​ខំ​ប្រឹង​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ‌សាន្ត ជា​មួយ​អស់​អ្នក​ដែល​គោរព​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ*​នោះ​វិញ។

23 ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​ល្ងី‌ល្ងើ​ផ្ដេស‌ផ្ដាស ត្រូវ​ដឹង​ថា ការ​ជជែក​វែក‌ញែក​បែប​នេះ បង្ក​ឲ្យ​តែ​មាន​ជម្លោះ​ប៉ុណ្ណោះ

24 រីឯ​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​មិន​ត្រូវ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​រួស‌រាយ​ចំពោះ​មនុស្ស​ទួទៅ ត្រូវ​ចេះ​បង្រៀន និង​អធ្យាស្រ័យ​ដល់​គេ

25 ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ប្រដៅ​ពួក​អ្នក​ប្រឆាំង ក្រែង​លោ​ព្រះ‌ជាម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់

26 ព្រម​ទាំង​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ដោះ​ខ្លួន​រួច​ពី​អន្ទាក់​របស់​មារ* ដែល​បាន​ចាប់​ចង​គេ បង្ខំ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។