២ ធីម៉ូថេ 3:9-15 KHSV

9 គេ​ពុំ​អាច​ទៅ​មុខ​ទៀត​បាន​ឆ្ងាយ​ឡើយ ដ្បិត​មនុស្ស‌ម្នា​នឹង​ឃើញ​គំនិត​លេលា​របស់​គេ ដូច​អ្នក​នៅ​ពី​សម័យ​ដើម​បាន​ឃើញ​គំនិត​លេលា​របស់​យ៉ាណែស និង​យ៉ាម‌ប្រេស​ដែរ។

10 ចំពោះ​អ្នក​វិញ អ្នក​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​បង្រៀន អ្នក​បាន​ឃើញ​កិរិយា​របស់​ខ្ញុំ ឃើញ​គម្រោង‌ការ ជំនឿ ការ​អត់‌ធ្មត់ ការ​ស្រឡាញ់ និង​ការ​ស៊ូ‌ទ្រាំ​របស់​ខ្ញុំ

11 អ្នក​បាន​ឃើញ​គេ​បៀត‌បៀន​ខ្ញុំ និង​ឃើញ​ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ដ្រា។ ខ្ញុំ​បាន​រង‌ទុក្ខ​វេទនា​ដោយ​គេ​បៀត‌បៀន​យ៉ាង​ខ្លាំង ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ទាំង​អស់។

12 អស់​អ្នក​ដែល​ចង់​រស់​នៅ ដោយ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ក្នុង​ព្រះ‌គ្រិស្ដ‌យេស៊ូ មុខ​ជា​ត្រូវ​គេ​បៀត‌បៀន​ដូច្នេះ​ឯង។

13 រីឯ​មនុស្ស​អាក្រក់ និង​អ្នក​បោក​ប្រាស់​វិញ គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ ទាំង​នាំ​អ្នក​ផ្សេង​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។

14 ចំពោះ​អ្នក ត្រូវ​កាន់​តាម​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​យក​ធ្វើ​ជា​គោល​ជំនឿ ឲ្យ​ខ្ជាប់ខ្ជួន​ឡើង! អ្នក​ដឹង​ច្បាស់​ហើយ​ថា អ្នក​បាន​រៀន​សេចក្ដី​ទាំង​នេះ​ពី​នរណា​មក!។

15 អ្នក​ស្គាល់​ព្រះ‌គម្ពីរ​តាំង​តែ​ពី​នៅ​កុមារ​ម៉្លេះ ហើយ​ព្រះ‌គម្ពីរ​អាច​ផ្ដល់​ឲ្យ​អ្នក​មាន​ប្រាជ្ញា ដើម្បី​នឹង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ដ‌យេស៊ូ។