៣ យ៉ូហាន 1:3-9 KHSV

3 នៅ​ពេល​បង‌ប្អូន​យើង​មក​ដល់ ហើយ​រៀប​រាប់​ប្រាប់​ខ្ញុំ​ថា ប្អូន​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ពិត ដូច​ប្អូន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ជា‌និច្ច​នោះ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។

4 គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​ខ្លាំង​ជាង​បាន​ឮ​ថា កូន​ចៅ​របស់​ខ្ញុំ​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​នោះ​ឡើយ។

5 ប្អូន​ជា​ទី​ស្រឡាញ់ ប្អូន​ប្រព្រឹត្ត​ស្រប​តាម​ជំនឿ​របស់​ប្អូន​មែន គឺ​បាន​ជួយ​ទំនុក​បម្រុង​បង‌ប្អូន​យើង ទោះ​បី​គេ​ជា​ជន​បរទេស​ក៏​ដោយ។

6 បង‌ប្អូន​ទាំង​នោះ​បាន​ផ្ដល់​សក្ខីភាព នៅ​មុខ​ក្រុម‌ជំនុំ អំពី​សេចក្ដី​ស្រឡាញ់​របស់​ប្អូន។ ពេល​ពួក​គេ​ចេញ​ដំណើរ​ទៅ សូម​ប្អូន​ជួយ​ផ្គត់‌ផ្គង់​គេ​តាម​របៀប ដែល​គួរ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់​ផង

7 ដ្បិត​គេ​ធ្វើ​ដំណើរ​ទៅ​នោះ ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ហ្នឹង​ហើយ ហើយ​គេ​ពុំ​បាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ទេ។

8 ដូច្នេះ យើង​ត្រូវ​តែ​ជួយ​ទំនុក​បម្រុង​មនុស្ស​បែប​នេះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ការ​រួម​ជា​មួយ​សេចក្ដី​ពិត​ដែរ។

9 ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ដ៏​ខ្លី​មក​ជូន​ក្រុម‌ជំនុំ* តែ​ឌីអូ‌ត្រែប​ដែល​ចូល​ចិត្ត​ធ្វើ​ធំ​ជាង​គេ ពុំ​ព្រម​ទទួល​ស្គាល់​យើង​ទេ។