1 នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរក្រុងនីនីវេ គឺជាសៀវភៅសំដែងចេញជាការជាក់ស្តែងរបស់ណាហ៊ុម ជាអ្នកស្រុកអែលកូស។
2 ព្រះយេហូវ៉ាទ្រង់ជាព្រះប្រចណ្ឌ ទ្រង់ក៏សងសឹកដែរ ព្រះយេហូវ៉ាទ្រង់សងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាទ្រង់សងសឹក ដល់ពួកអ្នកតតាំងនឹងទ្រង់ ហើយទ្រង់រក្សាទុកនូវសេចក្ដីក្រោធ សំរាប់ពួកខ្មាំងសត្រូវ
3 ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ ទ្រង់មិនលះលែងទោសរបស់មនុស្សឡើយ ឯផ្លូវរបស់ព្រះយេហូវ៉ា នោះនៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទទ្រង់
4 ទ្រង់ស្តីបន្ទោសដល់សមុទ្រ ក៏ធ្វើឲ្យគោកទៅ ទ្រង់ធ្វើឲ្យទន្លេទាំងប៉ុន្មានរីងស្ងួតដែរ ចំណែកឯស្រុកបាសាន ក៏រោយរៀវចុះ ព្រមទាំងស្រុកកើមែលផង ឯផ្ការបស់ព្រៃល្បាណូនក៏ស្រពោនដែរ