ណាហ៊ុម 1:1-5 KHOV

1 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ក្រុង​នីនីវេ គឺ​ជា​សៀវភៅ​សំដែង​ចេញ​ជា​ការ​ជាក់‌ស្តែង​របស់​ណាហ៊ុម ជា​អ្នក​ស្រុក​អែល‌កូស។

2 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ប្រចណ្ឌ ទ្រង់​ក៏​សង‌សឹក​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​សង‌សឹក ហើយ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ ព្រះ‌យេហូវ៉ា​ទ្រង់​សង‌សឹក ដល់​ពួក​អ្នក​តតាំង​នឹង​ទ្រង់ ហើយ​ទ្រង់​រក្សា​ទុក​នូវ​សេចក្ដី​ក្រោធ សំរាប់​ពួក​ខ្មាំង​សត្រូវ

3 ព្រះ‌យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះ‌លែង​ទោស​របស់​មនុស្ស​ឡើយ ឯ​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​ទ្រង់

4 ទ្រង់​ស្តី​បន្ទោស​ដល់​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ឯ​ស្រុក​បាសាន ក៏​រោយ‌រៀវ​ចុះ ព្រម​ទាំង​ស្រុក​កើមែល​ផង ឯ​ផ្កា​របស់​ព្រៃ​ល្បាណូន​ក៏​ស្រពោន​ដែរ

5 ភ្នំ​ធំ​ទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ទ្រង់ ហើយ​អស់​ទាំង​ភ្នំ​តូច​ក៏​រលាយ​ទៅ ដី​រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់ អើ ទាំង​លោកីយ៍ និង​ទាំង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​លោក​ដែរ