ណាហ៊ុម 1:2-8 KHOV

2 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ប្រចណ្ឌ ទ្រង់​ក៏​សង‌សឹក​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​សង‌សឹក ហើយ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ ព្រះ‌យេហូវ៉ា​ទ្រង់​សង‌សឹក ដល់​ពួក​អ្នក​តតាំង​នឹង​ទ្រង់ ហើយ​ទ្រង់​រក្សា​ទុក​នូវ​សេចក្ដី​ក្រោធ សំរាប់​ពួក​ខ្មាំង​សត្រូវ

3 ព្រះ‌យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះ‌លែង​ទោស​របស់​មនុស្ស​ឡើយ ឯ​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​ទ្រង់

4 ទ្រង់​ស្តី​បន្ទោស​ដល់​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ឯ​ស្រុក​បាសាន ក៏​រោយ‌រៀវ​ចុះ ព្រម​ទាំង​ស្រុក​កើមែល​ផង ឯ​ផ្កា​របស់​ព្រៃ​ល្បាណូន​ក៏​ស្រពោន​ដែរ

5 ភ្នំ​ធំ​ទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ទ្រង់ ហើយ​អស់​ទាំង​ភ្នំ​តូច​ក៏​រលាយ​ទៅ ដី​រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់ អើ ទាំង​លោកីយ៍ និង​ទាំង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​លោក​ដែរ

6 តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ឈរ​នៅ​មុខ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន ក្នុង​ពេល​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ឆួល​ឡើង ឯ​សេចក្ដី​ក្រោធ​របស់​ទ្រង់​នោះ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​សញ្ជែក​ដោយ‌សារ​ទ្រង់

7 ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំ‌មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ផ្អែក

8 តែ​ទ្រង់​នឹង​រំលីង​ទី​កន្លែង​របស់​ពួក​តតាំង​ដោយ​ទឹក​ជន់​ហូរ​លិច ហើយ​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ទៅ​ក្នុង​ទី​ងងឹត។