ណាហ៊ុម 2:5-11 KHOV

5 ស្តេច​របស់​គេ​នឹក​រក​អ្នក​ណា​ដែល​ស្ទាត់​ជំនាញ​ក្នុង​ពល‌ទ័ព តែ​គេ​ដើរ​ទៅ​ទាំង​ចំពប់​ជើង គេ​ប្រញាប់‌ប្រញាល់​នឹង​ឡើង​ទៅ​ឯ​កំផែង​ក្រុង រួច​ក៏​រៀប‌ចំ​ប្រដាប់​បាំង​ខ្លួន

6 ទ្វារ​ទន្លេ​បាន​បើក​ឡើង ហើយ​ដំណាក់​ស្តេច​ក៏​រលាយ​ទៅ

7 ព្រះ‌នាង​ហ៊ូសាប​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ ពួក​បាវ​ស្រី​របស់​ព្រះ‌នាង​ក៏​ថ្ងូរ​ដូច​ជា​ព្រាប ព្រម​ទាំង​គក់​ទ្រូង​ខ្លួន​ផង។

8 តាំង​ពី​ចាស់​បុរាណ ក្រុង​នីនីវេ​ប្រៀប​ដូច​ជា​ស្រះ​ទឹក ប៉ុន្តែ ឥឡូវ​គេ​រត់​ចោល​ចេញ​ទៅ​វិញ មាន​គេ​ស្រែក​ថា ឈប់​សិន ឈប់​សិន តែ​គ្មាន​អ្នក​ណា​បែរ​មើល​ខាង​ក្រោយ​ឡើយ

9 ចូរ​ចាប់​យក​របឹប​ជា​ប្រាក់​ជា​មាស​ចុះ ដ្បិត​របស់​ទ្រព្យ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ទេ សុទ្ធ​តែ​ជា​ប្រដាប់‌ប្រដា​យ៉ាង​ល្អ​វិសេស

10 ទី​ក្រុង​នៅ​ទទេ ក៏​សោះ‌សូន្យ ហើយ​ខូច​បង់ ឯ​ចិត្ត​មនុស្ស​ក៏​រលាយ​ទៅ ហើយ​ជង្គង់​គេ​ប្រដំ​គ្នា គ្រប់​ទាំង​ចង្កេះ​ចុក​សៀត ហើយ​មុខ​គេ​ទាំង​អស់​ក៏​ស្លេក‌ស្លាំង

11 តើ​រូង​សិង្ហ​នោះ​បាត់​ទៅ​ឯ​ណា គឺ​ជា​កន្លែង​ដែល​ចិញ្ចឹម​ពួក​សិង្ហ​ស្ទាវ ហើយ​សិង្ហ​ឈ្មោល សិង្ហ​ញី​បាន​ដើរ​នៅ​ទី​នោះ ព្រម​ទាំង​កូន​សិង្ហ ឥត​មាន​អ្នក​ណា​បំភ័យ​វា​ឡើយ