11 ឯឯង នឹងត្រូវស្រវឹង ឯងនឹងត្រូវពួនខ្លួន ហើយនឹងស្វែងរកទីពឹងជ្រក ឲ្យរួចពីខ្មាំងសត្រូវដែរ
12 អស់ទាំងបន្ទាយរបស់ឯងនឹងបានដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី
13 មើល ពួកជននៅក្នុងឯង សុទ្ធតែជាស្ត្រីទទេ ទ្វារស្រុកឯងបើកពេញចំហ សំរាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកឯងអស់ទៅ
14 ចូរដងទឹកទុកសំរាប់ពេលដែលសត្រូវឡោមព័ទ្ធឯងចុះ ត្រូវឲ្យរៀបបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅជាន់លាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន
15 នៅទីនោះភ្លើងនឹងឆេះបន្សុសឯង ហើយដាវនឹងកាត់ឯងចេញ គឺនឹងស៊ីបង្ហិនឯងដូចជាដង្កូវ ចូរចំរើនគ្នាឲ្យច្រើនឡើងដូចជាដង្កូវទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង
16 ឯងបានចំរើនពួកជំនួញរបស់ឯង ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ តែដង្កូវបានស៊ីបង្ហិន រួចទៅបាត់ហើយ
17 ពួកចៅហ្វាយរបស់ឯងប្រៀបដូចជាចង្រិត ហើយពួកមេទ័ពរបស់ឯងក៏ដូចជាហ្វូងកណ្តូប ដែលទំនៅរបងក្នុងពេលថ្ងៃរងា តែកាលណាថ្ងៃរះឡើង នោះវាហើរបាត់ទៅ ហើយកន្លែងដែលទៅទំនៅ នោះគ្មានអ្នកណាដឹងទេ