4 នេះគឺដោយព្រោះការកំផិតយ៉ាងសន្ធឹករបស់ស្រីសំផឹង ដ៏មានរូបឆោមឆាយជាមេនៃអស់ទាំងអំពើអាបធ្មប់ ជាអ្នកដែលលក់អស់ទាំងសាសន៍ដោយសារការកំផិតរបស់វា ព្រមទាំងគ្រួមនុស្សផង ដោយសាររបៀនអាបធ្មប់របស់វា
5 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នែ អញទាស់នឹងឯង អញនឹងសើយសំពត់ឯងឡើងគ្របមុខឯង ហើយនឹងបង្ហាញឲ្យពួកសាសន៍ទាំងប៉ុន្មានឃើញកាយអាក្រាត និងឲ្យអស់ទាំងនគរឃើញកេរខ្មាសរបស់ឯង
6 ហើយអញនឹងបោះអសោចិ៍គួរខ្ពើមទៅលើឯង ឲ្យឯងបានទៅជាស្មោកគ្រោក រួចនឹងតាំងឯងឲ្យមនុស្សមើលលេង
7 នោះអស់អ្នកណាដែលឃើញឯង នឹងគេចរត់ពីឯងទៅ ដោយពាក្យថា ក្រុងនីនីវេបានត្រូវខូចបង់ហើយ តើអ្នកណានឹងយំសោក តើនឹងរកឯណាឲ្យបានអ្នកជួយដោះទុក្ខឯង
8 តើឯងវិសេសជាងនរ-អាម៉ូន ជាទីក្រុងដែលនៅកណ្តាលអស់ទាំងទន្លេ ហើយមានទឹកនៅព័ទ្ធជុំវិញនោះ ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី
9 ឯស្រុកអេធីយ៉ូពី និងស្រុកអេស៊ីព្ទ ជាកំឡាំងរបស់គេ ហើយកំឡាំងនោះក៏ប្រមាណមិនបានផង ស្រុកពូត និងស្រុកលីប៊ី ជាជំនួយរបស់គេដែរ
10 ទោះបើយ៉ាងនោះ គង់តែគេត្រូវដឹកនាំទៅជាឈ្លើយ កូនតូចៗរបស់គេត្រូវបោកកំទេចនៅគ្រប់ទាំងក្បាលផ្លូវ ក៏បានបោះឆ្នោត ចាប់មនុស្សមានត្រកូលខ្ពស់របស់គេ ហើយអស់អ្នកធំរបស់គេត្រូវជាប់ច្រវាក់