ណាហ៊ុម 3:5-11 KHOV

5 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នែ អញ​ទាស់​នឹង​ឯង អញ​នឹង​សើយ​សំពត់​ឯង​ឡើង​គ្រប​មុខ​ឯង ហើយ​នឹង​បង្ហាញ​ឲ្យ​ពួក​សាសន៍​ទាំង​ប៉ុន្មាន​ឃើញ​កាយ​អាក្រាត និង​ឲ្យ​អស់​ទាំង​នគរ​ឃើញ​កេរ‌ខ្មាស​របស់​ឯង

6 ហើយ​អញ​នឹង​បោះ​អសោចិ៍​គួរ​ខ្ពើម​ទៅ​លើ​ឯង ឲ្យ​ឯង​បាន​ទៅ​ជា​ស្មោក‌គ្រោក រួច​នឹង​តាំង​ឯង​ឲ្យ​មនុស្ស​មើល​លេង

7 នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ឯង នឹង​គេច​រត់​ពី​ឯង​ទៅ ដោយ​ពាក្យ​ថា ក្រុង​នីនីវេ​បាន​ត្រូវ​ខូច​បង់​ហើយ តើ​អ្នក​ណា​នឹង​យំ​សោក តើ​នឹង​រក​ឯ​ណា​ឲ្យ​បាន​អ្នក​ជួយ​ដោះ​ទុក្ខ​ឯង

8 តើ​ឯង​វិសេស​ជាង​នរ-អាម៉ូន ជា​ទី​ក្រុង​ដែល​នៅ​កណ្តាល​អស់​ទាំង​ទន្លេ ហើយ​មាន​ទឹក​នៅ​ព័ទ្ធ​ជុំវិញ​នោះ ក៏​មាន​សមុទ្រ​ការ‌ពារ គឺ​សមុទ្រ​ទុក​ជា​កំផែង​ឬ​អី

9 ឯ​ស្រុក​អេធីយ៉ូពី និង​ស្រុក​អេស៊ីព្ទ ជា​កំឡាំង​របស់​គេ ហើយ​កំឡាំង​នោះ​ក៏​ប្រមាណ​មិន​បាន​ផង ស្រុក​ពូត និង​ស្រុក​លីប៊ី ជា​ជំនួយ​របស់​គេ​ដែរ

10 ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ កូន​តូចៗ​របស់​គេ​ត្រូវ​បោក​កំទេច​នៅ​គ្រប់​ទាំង​ក្បាល​ផ្លូវ ក៏​បាន​បោះ​ឆ្នោត ចាប់​មនុស្ស​មាន​ត្រកូល​ខ្ពស់​របស់​គេ ហើយ​អស់​អ្នក​ធំ​របស់​គេ​ត្រូវ​ជាប់​ច្រវាក់

11 ឯ​ឯង នឹង​ត្រូវ​ស្រវឹង ឯង​នឹង​ត្រូវ​ពួន​ខ្លួន ហើយ​នឹង​ស្វែង​រក​ទី​ពឹង​ជ្រក ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដែរ