10 លុះដល់ថ្ងៃទី៧ ក្នុងកាលដែលស្តេចទ្រង់មានព្រះទ័យសប្បាយដោយស្រា នោះទ្រង់បង្គាប់ដល់មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ និងកើកាស ជាពួកក្រមវាំងទាំង៧នាក់ ជាអ្នកដែលបំរើនៅចំពោះស្តេចអ័ហាស៊ូរុស
11 ឲ្យទៅនាំព្រះនាងវ៉ាសធី ជាអគ្គមហេសីមកនៅចំពោះទ្រង់ មានទាំងពាក់មកុដផង ដើម្បីនឹងសំដែងលំអព្រះរូបដល់បណ្តាជន និងដល់ពួកអ្នកជាប្រធានទាំងឡាយ ពីព្រោះព្រះនាងមានរូបឆោមល្អពេកណាស់
12 តែព្រះនាងវ៉ាសធីមិនព្រមមកតាមបង្គាប់ស្តេច ដោយសារពួកក្រមវាំងនោះទេ ហេតុនោះស្តេចទ្រង់ក្រេវក្រោធជាខ្លាំង ហើយសេចក្ដីកំហឹងនោះក៏ឆួលឆេះឡើងក្នុងព្រះទ័យទ្រង់។
13 ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលសួរ ដល់ពួកអ្នកប្រាជ្ញដែលស្គាល់សម័យប្រព្រឹត្ត ដ្បិតតាមទំលាប់របស់ស្តេចទ្រង់តែងតែពិគ្រោះនឹងពួកអ្នកដែលចេះស្ទាត់ខាងច្បាប់ និងសេចក្ដីវិនិច្ឆ័យ
14 រីឯបន្ទាប់នឹងទ្រង់ មានកើសេណា សេថារ អ័ឌម៉ាថា តើស៊ីស មេរេស ម៉ាសេណា និងមមូកាន ជានាយកនៃសាសន៍ពើស៊ី និងសាសន៍មេឌី ទាំង៧នាក់ដែលធ្លាប់នៅចំពោះស្តេច ហើយជាអ្នកលេខ១ក្នុងនគរ
15 ទ្រង់សួរថា តាមច្បាប់ តើត្រូវធ្វើដូចម្តេចដល់ព្រះនាងវ៉ាសធី ជាអគ្គមហេសី ដ្បិតព្រះនាងមិនបានធ្វើតាមបង្គាប់យើង ដោយសារពួកក្រមវាំងទេ
16 នោះមមូកាន លោកទូលឆ្លើយនៅចំពោះស្តេច និងពួកនាយកទាំងប៉ុន្មានថា អគ្គមហេសី ព្រះនាងបានប្រព្រឹត្តខុស មិនមែនត្រឹមតែនឹងព្រះករុណាប៉ុណ្ណោះ គឺដល់ទាំងពួកអ្នកជាប្រធាន និងបណ្តាជនទាំងឡាយ ដែលនៅអស់ទាំងខេត្តរបស់ព្រះករុណាទៀតផង