12 តែព្រះនាងវ៉ាសធីមិនព្រមមកតាមបង្គាប់ស្តេច ដោយសារពួកក្រមវាំងនោះទេ ហេតុនោះស្តេចទ្រង់ក្រេវក្រោធជាខ្លាំង ហើយសេចក្ដីកំហឹងនោះក៏ឆួលឆេះឡើងក្នុងព្រះទ័យទ្រង់។
13 ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលសួរ ដល់ពួកអ្នកប្រាជ្ញដែលស្គាល់សម័យប្រព្រឹត្ត ដ្បិតតាមទំលាប់របស់ស្តេចទ្រង់តែងតែពិគ្រោះនឹងពួកអ្នកដែលចេះស្ទាត់ខាងច្បាប់ និងសេចក្ដីវិនិច្ឆ័យ
14 រីឯបន្ទាប់នឹងទ្រង់ មានកើសេណា សេថារ អ័ឌម៉ាថា តើស៊ីស មេរេស ម៉ាសេណា និងមមូកាន ជានាយកនៃសាសន៍ពើស៊ី និងសាសន៍មេឌី ទាំង៧នាក់ដែលធ្លាប់នៅចំពោះស្តេច ហើយជាអ្នកលេខ១ក្នុងនគរ
15 ទ្រង់សួរថា តាមច្បាប់ តើត្រូវធ្វើដូចម្តេចដល់ព្រះនាងវ៉ាសធី ជាអគ្គមហេសី ដ្បិតព្រះនាងមិនបានធ្វើតាមបង្គាប់យើង ដោយសារពួកក្រមវាំងទេ
16 នោះមមូកាន លោកទូលឆ្លើយនៅចំពោះស្តេច និងពួកនាយកទាំងប៉ុន្មានថា អគ្គមហេសី ព្រះនាងបានប្រព្រឹត្តខុស មិនមែនត្រឹមតែនឹងព្រះករុណាប៉ុណ្ណោះ គឺដល់ទាំងពួកអ្នកជាប្រធាន និងបណ្តាជនទាំងឡាយ ដែលនៅអស់ទាំងខេត្តរបស់ព្រះករុណាទៀតផង
17 ដ្បិតការដែលអគ្គមហេសីប្រព្រឹត្តនេះ គឺឮទៅដល់ពួកស្រីៗ ទាំងអស់ បណ្តាលឲ្យគេមើលងាយដល់ប្ដីរបស់ខ្លួនគ្រប់គ្នា ដោយដំណឹងនេះបានផ្សាយទៅថា ស្តេចអ័ហាស៊ូរុសបានបង្គាប់ឲ្យគេនាំព្រះនាង ជាអគ្គមហេសី មកចំពោះទ្រង់ តែព្រះនាងមិនព្រមស្តេចមកទេ
18 ហើយនៅថ្ងៃនេះ ពួកខុនណាងសាសន៍ពើស៊ី និងសាសន៍មេឌីទាំងប៉ុន្មាន ដែលឮនិយាយពីការអគ្គមហេសីបានធ្វើនេះ គេនឹងប្រកែកដល់ប្ដីខ្លួន ជាពួកប្រធាននៃស្តេចដូច្នោះដែរ យ៉ាងនោះនឹងកើតមានសេចក្ដីមើលងាយ និងស្តេចក្តីកំហឹងជាច្រើន